OneNews Ads
OneNews Ads
OneNews Ads
ការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ជំរុញការស្តារសេដ្ឋកិច្ចក្នុងតំបន់

2021-11-25 03:07 PM

អត្ថបទ៖ គុំ សូវឿន
(ណាន់នីង)៖ នៅឯឃ្លាំងមួយក្នុងទីក្រុងណាននីង (Nanning ) ភាគខាងត្បូងប្រទេសចិន ផលិតផលផ្លែទុរេន រាប់សិបតោនដែលនាំចូលពីប្រទេសម៉ាឡេស៊ី ត្រូវបានវេចខ្ចប់ភ្លាមៗបន្ទាប់ពីការមកដល់ដែលត្រៀមដឹកជញ្ជូនទូទាំងប្រទេសចិន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន (ស៊ីនហួ) នៅថ្ងៃពុធបានឲ្យដឹងថា លោក យ៉ៅ ហៃ (Yao Hai) ដែលរកស៊ីលក់ផ្លែឈើរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បាននិយាយថា៖ «នោះជាផ្លែទុរេនដំបូងក្នុងរដូវរងានេះ»។ ជាមួយនឹងផ្លែទុរេនកាន់តែមានប្រជាប្រិយភាពពីសំណាក់អ្នកទទួលទានជនជាតិចិន អាជីវកម្មរបស់លោក យ៉ៅ (Yao) បានរីកដុះដាលនៅឆ្នាំនេះ បើទោះបីជាមានផលប៉ះពាល់ពីការរាតត្បាតនៃជំងឺ COVID-19 ក៏ដោយ។

លោក យ៉ៅ (Yao) បាននិយាយថា “ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំនេះ ការលក់ផលិតផលទុរេនបានកើនឡើងចំនួនដប់ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយខ្ញុំរំពឹងថាសន្ទុះនឹងបន្តកើនឡើងនៅក្នុងឆ្នាំខាងមុខនេះ” ដោយបន្ថែមថា លោកបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីសេដ្ឋកិច្ចជិតស្និទ្ធ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

កាលពីថ្ងៃច័ន្ទ ប្រទេសចិន និងអាស៊ានបានប្រកាសរួមគ្នាអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាវិធានការមួយដែលត្រូវបានគេរំពឹងថានឹងបញ្ចូលកម្លាំងរុញច្រានថ្មីទៅក្នុងសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍នៃតំបន់ និងពិភពលោក។

លោក ចូវ ហ្វាងយីន (Zhou Fangyin) ព្រឹទ្ធបុរសនៃសាលាទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Guangdong University of Foreign Studies បាននិយាយថា ប្រទេសចិន និងអាស៊ាន ចែករំលែកផលប្រយោជន៍រួមគ្នាយ៉ាងជ្រាលជ្រៅ ហើយការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនឹងជួយជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ក្រោយការរាតត្បាតនៃជំងឺ COVID-19។

កាលពីឆ្នាំមុន ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានរយៈពេល 12 ឆ្នាំជាប់ៗគ្នា ខណៈដែលអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន។ ទិន្នន័យគយបង្ហាញថា ចាប់ពីខែមករាដល់ខែតុលាឆ្នាំនេះ ពាណិជ្ជកម្មរវាងចិន និងអាស៊ានឈានដល់ 4.55 ពាន់ពាន់លានយន់ (ប្រហែល 711.7 ពាន់លានដុល្លារ) កើនឡើង 20.4 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមលោក ដិង សាយជុន (Deng Xijun) ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន បានឱ្យដឹងថា ការវិនិយោគទ្វេភាគីរវាងចិន និងអាស៊ានក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ គិតត្រឹមដំណាច់ខែមិថុនាឆ្នាំនេះ ការវិនិយោគរួមគ្នាសរុបបានកើនដល់ 310 ពាន់លានដុល្លារអាមេរិក។

កំណើនពាណិជ្ជកម្ម និងការវិនិយោគដ៏រឹងមាំបានកើតឡើង បើទោះបីជាមានផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី 30 នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន កាលពីថ្ងៃចន្ទ ប្រទេសចិនបានសន្យាផ្តល់ជំនួយអភិវឌ្ឍន៍ដល់អាស៊ានចំនួន 1.5 ពាន់លានដុល្លារអាមេរិកបន្ថែមទៀតក្នុងរយៈពេល 3 ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ប្រទេសអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។

គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ Belt and Road Initiative ហៅថា (BRI) អ្នកជំនាញជឿជាក់ថាបានរួមចំណែកយ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសចិន និងអាស៊ាន។ ខ្សែក្រវាត់និងផ្លូវ BRI ដែលស្នើឡើងដោយប្រទេសចិនបានរីកចម្រើនទៅជាវេទិកាសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកដោយមានប្រទេសចំនួន 141 និងអង្គការអន្តរជាតិចំនួន 32 បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន រួមទាំងប្រទេសអាស៊ានទាំងអស់។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភាគីទាំងពីរបានឃើញកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ចថ្មីៗ ដូចជាបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។ នៅក្នុងកិច្ចប្រជុំនេះ ប្រទេសចិនបានស្នើឱ្យចាប់ផ្តើមកម្មវិធីលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចិន-អាស៊ាន ដែលចិននឹងផ្តល់នូវមុខទំនិញបច្ចេកវិទ្យាទំនើប 1,000 មុខដល់អាស៊ាន និងគាំទ្រកម្មវិធីសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេង 300 នាក់មកពីអាស៊ាន ឲ្យមកប្រទេសចិនដើម្បីផ្លាស់ប្តូរចំណេះដឹងសម្រាប់រយៈពេលប្រាំឆ្នាំ។

ពិព័រណ៍ចិន-អាស៊ាន និងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន ដែលបានធ្វើឡើងរយៈពេល១៨ឆ្នាំជាប់ៗគ្នា ដើរតួជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរ។

លោក វង់ ឡី (Wang Lei) អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍បានមានប្រសាសន៍ថា "ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយផ្តល់ឱកាសដ៏មានតម្លៃសម្រាប់យើងក្នុងការធ្វើឱ្យប្រសើរឡើងនូវពិព័រណ៍ចិន-អាស៊ាន ដើម្បីបម្រើឱ្យកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងការកសាងខ្សែក្រវាត់និងផ្លូវ BRI" ។

ប្រទេសអាស៊ានទាំង 10 បានផ្តួចផ្តើមដើម្បីបង្កើតទីផ្សារបង្រួបបង្រួមដោយកាត់បន្ថយពន្ធគយ និងរបាំងមិនមែនពន្ធ ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ Regional Comprehensive Economic Partnership ហៅថា (RCEP) នឹងចូលជាធរមាននៅថ្ងៃទី 1 ខែមករា ឆ្នាំ 2022 ហើយជាង 90 ភាគរយនៃការធ្វើពាណិជ្ជកម្មទំនិញនៅក្នុងតំបន់នឹងត្រូវជាប់ពន្ធស្មើសូន្យ។ .

ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) រួមមានសមាជិកអាស៊ានទាំង១០ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ចំនួនប្រជាជនសរុបរបស់ប្រទេសទាំង 15 ផលិតផលក្នុងស្រុកសរុប និងពាណិជ្ជកម្មទាំងអស់មានប្រហែល 30 ភាគរយនៃចំនួនសរុបនៅលើពិភពលោក។

អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី លោក អូ អី សាន់ (Oh Ei Sun) បាននិយាយថា RCEP មានប្រយោជន៍ជាពិសេសក្នុងការកាត់បន្ថយ និងដកចេញនូវឧបសគ្គពាណិជ្ជកម្ម បង្កើតទីផ្សាររួមដ៏ធំបំផុតរបស់ពិភពលោក ដែលទំនិញនិងសេវាកម្មអាចធ្វើពាណិជ្ជកម្មដោយសេរីជាងមុន ដូច្នេះហើយទើបវាអាចបង្កើនល្បឿននៃការរស់ឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកទាំងមូល៕