OneNews Ads
OneNews Ads
OneNews Ads
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចុះពិនិត្យការបាក់ច្រាំងទន្លេ នៅភូមិសាស្ត្រ ស្រុកមុខកំពូល

2021-11-25 03:34 PM

ដោយ៖ គិន ច័ន្ទភិរុណ

(ខេត្តកណ្តាល)៖ នៅរសៀល ថ្ងៃ២៣ វិច្ឆិកា ឆ្នាំ ២០២១  ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្រ្តី ជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកមុខកំពូល ចុះពិនិត្យ ស្ថានភាពនៃការបាក់ច្រាំងទន្លេ ស្ថិតនៅភូមិព្រែកផ្តៅ និងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។ការបាក់ច្រាំងទន្លេនេះ ដោយសារចរន្តលំហូរទឹក ទើបបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នូវផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួន ។

ឯកឧត្តមបានប្រសាសន៍ថា ចំពោះការខូចខាតនេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលស្រុក កំពុងពិនិត្យ ពិភាក្សា រកវិធីដើម្បីដោះស្រាយភ្លាមៗ ដើម្បីជៀសវាងកុំឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ។ តាមរយៈការពិនិត្យជាក់ស្តែង ចំពោះមូលហេតុនៃការបាក់ស្រុតច្រាំងទន្លេខ្លាំង នៅក្នុងភូមិសាស្រ្ត ឃុំរកាកោង១ គឺដោយសារទីតាំងនេះ ស្ថិតនៅចំពីមុខចរន្តទឹកហូរបុកខ្លាំងពេក ពោលគឺចរន្តទឹកនៅតែបន្តហូរ បុករះប៉ះចំ ត្រើយតែម្ខាងនៃទន្លេក៏អាចជាមូលហេតុមួយផ្នែកទៀត ដែលបណ្តាលឲ្យមានការបាក់ច្រាំងផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ ឲ្យជំរុញការងារស្ថាបនាការពារ ការបាក់ច្រាំងទន្លេនៅក្នុងភូមិសាស្រ្ត ឃុំរកាកោងទី១ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ និងធ្វើដំណើរតាមផ្លូវនេះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ។

គួរបញ្ជាក់ផងដែរថា៖ កន្លែងបាក់ស្រុតរួមមាន -ទីតាំងទី១ រអិលច្រាំងទន្លេ ផ្លូវលេខ៧០A ប្រវែង ៨០ម៉ែត្រ ស្ថិតក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ។ -ទីតាំងទី២ រអិលច្រាំងទន្លេ ផ្លូវលេខ៧០A ប្រវែង ៤០ម៉ែត្រ ស្ថិតក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល​ ប្រើប្រាស់ផ្លូវវាងពីប្រឡាយចុងថ្នល់មកប្រឡាយភូមិពាម ប្រវែងប្រមាណ ២,៧០០ម៉ែត្រ​ ប្រឡាយ​ និងផ្លូវទំហំ​ ៣០ម៉ែត្រ​ តួផ្លូវធ្វើដំណើរសងខាងផ្លូវនីមួយៗទំហំ ៦ម៉ែត្រ​ ។ ចំណុចទី២៖ -រអិលផ្លូវបេតុង ប្រវែង ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ។