OneNews Ads
OneNews Ads
OneNews Ads
ឯកឧត្តម គន់ គីម ចូលរួមប្រកាសតែងតាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងចែកអំណោយជូនអតីតយុទ្ធជនចំនួន ៦៥ គ្រួសារ

2021-11-25 03:37 PM

ដោយ៖ ឈៀង ថារិទ្ធ

កំពង់ឆ្នាំង៖ ឯកឧត្តម នាយឧត្តមសេ នីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធ ជនកម្ពុជា នៅក្នុងពិធីប្រកាសឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ជាប្រធានកិត្តិយសសមា គមអតីតៈយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅសាលាខេត្តនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានមានប្រសាសន៍ថា ឯកឧត្តមមានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង និងសុំកោតសរសើរ ដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងអាជ្ញាធរខេត្ត ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់អំពីសុខភាពរបស់អតីតយុទ្ធជននៅក្នុងខេត្ត បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានគ្រប់ៗគ្នាជិត ៣ ពាន់នាក់ និងពុំមានអតីតយុទ្ធជន ណាម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ ។

លោកឧត្តមសេនីយ៍ឯក ធន់ ធឿន អតីតប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅក្នុងឱកាសនេះបានរាយការណ៍ឲ្យដឹងថា កន្លងមកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានធ្វើប័ណ្ឌ​ ប.ស.ស និងបណ្ឌសមធម៌ជូនអតីតយុទ្ធជនបានចំនួ ន ២,៣៨២ នាក់ ។ ក្នុងនោះដែរ តាមរយៈការស្នើសុំអាហារូបករណ៍ពីសម្ដេចតេជោ បានបញ្ជូនសមាជិកគ្រួសារអតីតយុទ្ធជនទៅរៀននៅមហាវិទ្យាល័យបានចំនួន ៧ នាក់។ បានជ្រើសរើសអតីតយុទ្ធជនជាប់ជាមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក និងខេត្តបានចំនួន ១៥ នាក់កំពុងនៅបម្រើការងារសព្វថ្ងៃនេះ។ ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនអតីតយុទ្ធជនសរុបបានចំនួន ២,៨៨៩ នាក់ ស្មើនឹង ៩៩ % ។ ដោយឡែក្នុងជំហ៊ានទី១ នេះ សមាគមមានគម្រោងរៀបចំដី និងផ្ទះជូនអតីតយុទ្ធជនចំនួន ១០០ គ្រួសារលើផ្ទៃដីចំនួន ១,៣៥៣ ហិកតា នៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ។

នៅក្នុងឱកាសនេះដែរឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត បានមានប្រសាសន៍ថា នៅក្នុងខែវិច្ឆិកា គិតមកដល់ថ្ងៃនេះរដ្ឋបាលខេត្តបានចុះដោះស្រាយទំនាស់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត សរុបបាន ៤៩០ រឿង លើ ៧១៦រឿង ។ បានជួយជួសជុលផ្ទះប្រជាពលរដ្ឋបានចំនួន៧៦ ខ្នង នៅក្នុងឃុំផ្លូវទូក ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់។

ដោយឡែកនៅក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានប្រកាសថានឹងរកដីជួយធ្វើទីស្នាក់ការជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងដើម្បីឱ្យមានកន្លែងធ្វើការត្រឹមត្រូវ ។ នៅក្នុងផែនការចំពោះមុខរដ្ឋបាលខេត្តទទួលជួយធ្វើផ្ទះជូនអតីតយុទ្ធជនចំនួន ១០០ ខ្នងនៅ ក្នុងស្រុកសាម គ្គីមានជ័យក្នុងពេលខាងមុខនេះ ។ ហើយនឹងស្នើសុំបង្កើតភូមិថ្មីមួយ ទៀត ដោយដាក់ឈ្មោះថាភូមិអូកាខុម ២២ សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ។

ឯកឧត្តមបណ្ឌិត គន់ គីម នៅក្នុងពិធីនេះដែរបានមានប្រសាសន៍ សូមពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខនិងនឹករឭកយ៉ាងខ្លាំង ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជន ។ ជាមួយគ្នានេះដែរឯកឧត្តមក៏សូមអបអរសាទរចំពោះគម្រោងការបង្កើតភូមិថ្មីអូកាខុប២២ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដើម្បីផ្ដល់ដី និងធ្វើផ្ទះចំនួន ១៥០ខ្នង ជូនអតីតយុទ្ធជនយើង។ ក្នុងឱកាសនេះដែរឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ដែលកន្លងមកបានយក ចិត្តទុកដាក់ជួយឧបត្ថម្ភ និងជួយដោះស្រាយរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនរបស់យើង ។

ឯកឧត្តមបណ្ឌិតក៏សូមផ្ដាំផ្ញើផងដែរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ពិសេសប៉ុស្តិ៍រដ្ឋបាល និងសមាគមអតីតយុទ្ធជនគ្រប់ជាន់ថ្នាក់ក្នុងខេត្តសូមយកចិត្តទុកដាក់ដល់អតីតយុទ្ធជនដែលមានកូនច្រើន មានដីតូចចង្អៀត និងខ្លះមានផ្ទះមិនសមរម្យ  ខ្លះមានដីតែអត់ផ្ទះ ដើម្បីជួយសាងសង់ផ្ទះនិងចែកដីធ្លីជូនពួកគាត់ ឲ្យមានលំនៅដ្ឋានសមរម្យ និងគុណបំណាច់ដែលពួកគាត់បានលះបង់អាយុជីវិតជួយប្រទេសជាតិ ។ 

ឯកឧត្តមបានបញ្ជាក់ទៀតថា នៅក្នុងផែនការកសាងផ្ទះ១៥០ ខ្នងជូនអតីតយុទ្ធជន គឺឯកឧត្តមអភិបាលខេត្តបានទទួលជួយកសាងចំនួន ១០០ ខ្នង និងនៅសល់ ៥០ ខ្នងទៀតគឺសម្ដេចតេជោ ហ៊ុន សែន ជាអ្នកជួយកសាង ។

នៅក្នុងពិធីនេះដែរ ឯកឧត្តម គន់ គីម និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តក៏បានចែកអំណោយជូនអតីតៈយុទ្ធ ជនចំនួន ៦៥ គ្រួសារផងដែរ ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥ គីឡូ , ទឹកត្រី១យូរ , ទឹកស្អីវ ១យួរ , មី ១ កេស , ម៉ាស់ ១ប្រអប់ , និងថវិកា ១៥ ម៉ឺនរៀល៕