OneNews Ads
OneNews Ads
OneNews Ads
កម្ពុជា នឹងទទួលបានវត្ថុបុរាណដែលត្រូវជួញដូរចំនួន ២៧ រូប ត្រឡប់មកកម្ពុជាវិញ

2021-06-10 05:20 PM

ស្តាប់ព័ត៌មានជាសំឡេង

អត្ថបទ៖ វណ្ណា

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជាដែលត្រូវបានជួញដូរចំនួន ២៧ រូប ពីការិយាល័យរដ្ឋអាជ្ញា មកព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានប្រកាសថា ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក ក៏មានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈ​ប្រព័ន្ធវីដេអូពីភ្នំពេញ, ឯកឧត្ដមអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ និងក្រុមការងារជាច្រើនទៀត។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្ដែងអំណរគុណ និងវាតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់យូវយ៉ក ក្រសួងសន្តិសុខមាតិភូមិសហរដ្ឋអាមេរិក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមរិក ព្រមទាំងក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការបញ្ជូនសម្បត្តិវប្បធម៌ទាំងនេះត្រលប់មកមាតុភូមិកម្ពុជាវិញ។

លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ព្រមទាំងឥស្សរជនជាច្រើនរូបទៀត ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន និងក្រុមហ៊ុន MuseumsPartner ចំពោះការគាំទ្រ និងចូលរួមសហការ ដែលធ្វើឲ្យព្រឹត្តិការណ៍ជាប្រវត្តសាស្ត្រនាថ្ងៃនេះកើតមានឡើង​ ជាពិសេសគឺក្នុងស្ថានភាពដ៏លំបាកនៃការីករាលដាលជំងឺកូវីដ-១៩។ 
លោកជំទាវ ក៏បានសង្កត់ធ្ងន់ផងដែរថា ការទទួលបានត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ បានសរបញ្ជាក់ពីចំណងមិត្តភាពដ៏ល្អ និងប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការចូលរួមការពារបេតិភណ្ឌវប្បធម៌ខ្មែរ។

លោកជំទាវបានគូសបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តស្រាវជ្រាវដើម្បីនាំយកសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានលួចដោយខុសច្បាប់ទាំងអស់នោះត្រឡប់មកកម្ពុជាវិញ”។

ឯកឧត្ដម ជុំ​ សុន្ទរី ឯកអគ្គរាជទូត ប្រចាំសហរដ្ឋអាមេរិក បានបញ្ជាក់ថា “ការបញ្ជូនត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ បានបង្ហាញឲ្យឃើញជាថ្មីនូវលទ្ធផលផ្លែផ្កានៃអនុស្សរណៈនៃការយោគយល់គ្នា ចុះហត្ថលេខាដោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបើកឡើងនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេរភាគីដ៏ល្អប្រសើរ លើការអភិរក្សវប្បធម៌រវាងប្រទេសទាំងពីរ” ។ 
លោកបានបន្ថែមទៀតថា សហរដ្ឋអាមេរិកនឹងបន្តភាពជាដែគូជាមួយប្រទេសកម្ពុជា ដើម្បីអាចបញ្ឈប់ការជួញដូរសម្បត្តិវប្បធម៌ខ្មែរខុសច្បាប់ និងបញ្ជូនបេតិភណ្ឌវប្បធម៌ត្រឡប់ទៅកម្ពុជាវិញ។