OneNews Ads
OneNews Ads
OneNews Ads
ករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ នៅចំណតរថយន្តផ្សារលើក្រុងកំពង់ឆ្នាំង អាជ្ញាធរក្រុងចេញសេចក្តីជូនដំណឹង ផ្អាកការធ្វើដំណើរតាមរថយន្តតាក់ស៊ីទាំងអស់នៅក្នុងក្រុងកំពង់ឆ្នាំង

2021-06-10 05:21 PM

ស្តាប់ព័ត៌មានជាសំឡេង

អត្ថបទដោយ៖​ឈៀងថារិទ្ធ

ខេត្តកំពង់ឆ្នាំង៖ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះបានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការធ្វើដំណើរតាមរថយន្តតាក់ស៊ីទាំងអស់នៅក្នុងក្រុងកំពង់ឆ្នាំង ដែលធ្វើដំណើរពីក្រុងកំពង់ឆ្នាំង ទៅភ្នំពេញ និងពីក្រុងភ្នំពេញ មកក្រុងកំពង់ឆ្នាំង  និងធ្វើដំណើរទៅកន្លែងផ្សេងៗទៀត ។

ការចេញសេចក្តីជូនដំណឹងនេះ បន្ទាប់ពីអាជ្ញាធរក្រុងកំពង់ឆ្នាំង បានចុះហ៊ុំព័ទ្ធបិទចំណតរថយន្តផ្សារលើក្នុងក្រុងកំពង់ឆ្នាំង ដោយសាររកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ០៤ នាក់ នៅថ្ងៃទី០៩ ខែមិថុនា និងរកឃើញអ្នករត់តាក់ស៊ីម្នាក់ទៀតមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៨ ខែមិថុនា  ។

លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានទូរទស្សន៍ ​វ័ន ញូស៍ ឲ្យដឹងទៀតថា អ្នកវិជ្ជមានទាំង ០៤ នាក់ មានទីលំនៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ  ក្នុងនោះគឺ អ្នករត់តាក់ស៊ី ឈ្មោះ សោម ឡុង  រួមនិង ប្រពន្ធ០១ កូន០១ និងម្តាយ ចិញ្ចឹម០១នាក់ ទៀតដែលប្រកបមុខរបរលក់បាយ និងរត់តុនៅហាងគុយទាវ ជិតចំណតរថយន្តផ្សារលើនេះផងដែរ ។

ដោយឡែកអ្នករត់តាក់ស៊ីម្នាក់ទៀតមានវិជ្ជាមានកូវីដ-១៩ បានរកឃើញនៅថ្ងៃទី ០៨ ខែមិថុនា មានឈ្មោះ ញូង វណ្ណា មានទីលំនៅក្រោយមន្ទីពេទ្យខេត្ត នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ប៉ុន្តែនេះគ្រាន់តែជាព័ត៌មានបឋម តែប៉ុណ្ណោះ ព្រោះរដ្ឋបាលខេត្តកំពង់ឆ្នាំង  មិនទាន់ចេញសេចក្តីប្រកាសជាផ្លូវការនៅឡើយ ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំងប្រុងប្រយ័ត្នឲ្យបានខ្ពស់ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ របស់ក្រសួងសុខាភិបាលគឺ ៣កុំ និង៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងក្រុមគ្រួសារយើង និងចូលក្នុងសហគមន៍យើង ។

នៅក្នុងសេចក្តីជូនដំណឹងនេះដែរ អាជ្ញាធរក្រុង ក៏បានប្រកាសឱ្យអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់  និងដោយប្រយោលទាំងអស់ជាមួយអ្នករត់តាក់ស៊ី ឈ្មោះ សោម ឡុង និងឈ្មោះ ញូង វណ្ណា  ត្រូវមកធ្វើសំណាកនៅចំណតរថយន្តផ្សារលើក្រុងកំពង់ឆ្នាំងចាប់ពីម៉ោង ០៨ ព្រឹក ថ្ងៃទី១០ ខែមិថុនានេះតទៅ និងបើមិនចូលរួមផ្ដល់សំណាកតាមការអំពាវនាវនោះទេ  អាជ្ញាធរក្រុងនឹងចាត់វិធានការតាមផ្លូវច្បាប់ ៕