OneNews Ads
OneNews Ads
OneNews Ads
អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងចែកពូជស្រូវ ស្វាយចន្ទី ឫស្សីផ្អែម ក្រូចពោធិ៍សាត់ និងសម្ភារកសិកម្ម ជូនដល់កសិករ ក្នុងឃុំភ្លុក ស្រុកសេសាន

2021-06-10 04:00 PM

អត្ថបទ៖ វណ្ណា

ស្ទឹងត្រែង៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកពូជស្រូវ ស្វាយចន្ទី ឫស្សីផ្អែម ក្រូចពោធិ៍សាត់ និងសម្ភារកសិកម្មមួយចំនួនទៀត ជូនដល់បងប្អូនបណ្តុះកសិកម្ម ចំនួន ១០០ គ្រួសារ ក្នុងឃុំភ្លុក ស្រុកសេសាន។

ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាឃុំភ្លុក និងមានការចូលរួមពី អភិបាលរងខេត្ត គណៈអភិបាលស្រុកសេសាន កម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរ អង្គភាពជំនាញមួយចំនួន លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រជាពលរដ្ឋជាប្រជាកសិករ សមាជិកបណ្តុំអាជីវកម្ម និងសមាជិកសហគមន៍កសិកម្ម ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះដែរឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាកសិករក្នុងឃុំភ្លុក និងនិយាយរួមប្រជាកសិករក្នុងស្រុកសេសាន ទាំងមូលធ្វើយ៉ាងណាត្រូវរួសរាន់បង្កបង្កើនផលឱ្យទាន់រដូវ ជាពិសេសត្រូវធ្វើការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វឱ្យបានច្រើនទៅតាមលទ្ធភាពដែលមាន ដើម្បីជួយសម្រួលជីវភាពគ្រួសារកាន់តែមានភាពធូធារមួយកម្រិតថែមទៀត។ 

ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តគោរពតាមនូវវិធានការរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាល ជាពិសេសវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការបង្ការនឹងការពារ ទប់ស្កាត់ ចរន្តឆ្លងនៃជំងឺកូវីដ-១៩ ចូលមកសហគមន៍ផងដែរ៕