OneNews Ads
OneNews Ads
OneNews Ads
ផ្សាររាត្រីកំពតបើកលក់ដូរឡើងវិញ ខណៈផ្សារសាមគ្គីទីរួមខេត្តមានតូបជាច្រើនបិទទ្វារ

2021-06-11 07:50 PM

ស្តាប់ព័ត៌មានជាសំឡេង

អត្ថបទ: ភារាក់

កំពត៖ អភិបាលរងក្រុងកំពត លោក ម៉ែន វណ្ណារ៉ា បានប្រាប់ឲ្យដឹងថា រដ្ឋបាលក្រុងបានអនុញ្ញាតឲ្យអាជីវករផ្សាររាត្រីកំពត រៀបចំលក់ដូរធម្មតាឡើងវិញហើយ ក្រោយពេលបិទខ្ទប់រយៈពេលមួយសប្តាហ៍ដើម្បីស្វែងរកមុខសញ្ញាអ្នកប៉ះពាល់ជាមួយអាជីវករម្នាក់ដែលមានផ្ទុកជំងឺកូវីដ ១៩ នៅផ្សារនេះ។ ជាក់ស្តែងព្រឹកថ្ងៃទី ១១ ខែមិថុនានេះ អាជីវករជាច្រើនបានចូលមករៀបចំ និងបើកដំណើរការលក់ផ្សេងៗ ជាធម្មតាវិញហើយ ។

ដោយឡែកនៅផ្សារសាមគ្គីទីរួមខេត្តកំពតឯណោះវិញ ទោះមានអ្នកជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ប៉ុន្តែអាជ្ញាធរនៅតែអនុញ្ញាតឲ្យលក់ដូរជាធម្មតា ប៉ុន្តែត្រូវបង្កើនការប្រុងប្រយ័ត្ន។ ប៉ុន្តែទោះបីប្រុងប្រយ័ត្ន និងការពារយ៉ាងណាក្តី ក៏អាជីវករជាច្រើនបានបិទតូបផ្អាកលក់ដូរ។

ពាក់ព័ន្ធការអាជីវករលក់ដូរក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត លោកអភិបាលរងក្រុង បានឲ្យដឹងដែរថា រាល់ថ្ងៃផ្សារនៅតែបើកឲ្យដំណើរការលក់ដូរជាធម្មតា ប៉ុន្តែអាជ្ញាធរ និងអ្នកគ្រប់គ្រងផ្សារមានការរិតបន្តឹងជាងមុន លើវិធានការការពារកូវីដ១៩  ទាំអ្នកទិញ និងអ្នកលក់ត្រូវមានអនាម័យ មានពាក់ម៉ាស់ និងមានជែល ឬអាល់បាញ់សំអាតដៃ និងទីតាំងលក់។

លោកបានបញ្ជាក់ថា អាជីវករលក់ដូរចំណីអាហារ បន្លែ ផ្លែឈើ ត្រីសាច់នៅលក់ជាធម្មតា ដោយឡែកចំពោះអាជីវករលក់គ្រឿងអលង្គារមាសបា្រក់ ដូរលុយកាក់ និងលក់សំលៀកបំពាក់បានបិទតូបមួយចំនួន តាមការប៉ាន់ស្មានប្រមាណជាង១០ភាគនៃតូបសរុប ព្រោះក្រោយពីប្រជាពលរដ្ឋបានដឹងអំពីការផ្ទុះជំងឺកូវីដ១៩ នៅកាស៊ីណូតន់ហន់ ហើយមានករណីឆ្លងច្រើនរួមមក ពួកគាត់ភ័យខ្លាច ហើយទទ្ទឹមនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងជីវភាពរស់នៅផង ក៏សម្រេចបិទតូបផ្អាកលក់មួយរយៈសិនទៅ។

លោកក៏បានបញ្ជាក់ដែរថា ក្រៅពីអាជីវករលក់ដូរតាមផ្សារ អាជីវករលក់ដូរនៅតាមផ្ទះក៏បានផ្អាកមូយចំនួនដែរដោយសារការពារកូវីដ ១៩ ផង និងដោយសារមិនសូវមានភ្ញៀវមកកម្សាន្តផង។ គិតមកដល់ពេលនេះ ក្រុងកំពតមានអ្នកឆ្លងជំងឺកូវីដ ១៩ ពីកាស៊ីណូតន់ហន់ និងកន្លែងកម្សាន្តពេលរាត្រីចំនួន ៦៩ នាក់៕