OneNews Ads
OneNews Ads
ក្រសួងសុខាភិបាលបានប្រកាសរកឃើញមេរោគកូវិដ-១៩ បំប្លែងខ្លួនថ្មី


អត្ថបទ៖ ង៉ែត សារ៉ន ២៧៦

ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានរៀបចំធ្វើសន្និសីទសារព័ត៌មានដើម្បី «បំភ្លឺពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩» នៅទីស្ដីការក្រសួងសុខាភិបាល។     
សន្និសីទសារព័ត៌មាននេះ ក៏មានការចូលរួមពី លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី វេជ្ជបណ្ឌិត លី អាយលែន( Dr. Li Ailan ) តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារែល ( Dr. Laurence BARIL ) នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងលោកវេជ្ជបណ្ឌិត ដួង វាសនា (Veasna DOUNG )ផងដែរ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញប្រកាសមួយផ្សេងទៀតដោយបញ្ជាក់ថា មេរោគកូវីដ១៩ ដែលចម្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កន្លងទៅនេះ គឺជាមេរោគកូវីដ១៩ បំប្លែងខ្លួន ដែលជាមេរោគកាចសាហាវ និងចម្លងឆាប់រហ័សជាងធម្មតា ដែលកន្លងមកដឹងថាមានប្រភពពីប្រទេសអង់គ្លេស។ 

សូមជំរាបជូនថានៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៥នាក់ទៀត ក្នុងនោះមាន២៣នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» សំខាន់នោះក្រសួងបញ្ជាក់ថា រកឃើញវីរុសបម្លែងថ្មី ៣ ករណី។

អ្នកជំងឺដែលរកឃើញវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ទាំង២៣នាក់ ក្នុងនោះមាន២២នាក់ជាជនជាតិចិន និងម្នាក់ជាជនជាតិខ្មែរ។

ក្នុងចំណោមអ្នកជំងឺ២៣នាក់ មាន២១នាក់ ត្រូវបានដាក់ឲ្យសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ ខណៈ២នាក់ទៀត មានម្នាក់ទាក់ទងទាន់មិនបាន និងម្នាក់ទៀតមិនព្រមមកសម្រាក នៅមន្ទីរពេទ្យដោយសំអាងថា មានកូនតូចនៅជាមួយ។

ជាមួយគ្នានេះផងដែរ ក្រសួងសុខាភិបាល បានអំពាវនាដល់អ្នកដែលពាក់ព័ន្ធបុគ្គលដែលពាក់ព័ន្ធព្រឹត្តិការណ៍ ឬដឹងខ្លួនថា ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ មានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ហើយដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជារៀងរាល់ថ្ងៃ។ ប្រសិនមានអាការមិនស្រួលខ្លួន ដូចជាឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពង់ក ឬពិបាកដកដង្ហើមជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥។


 


Ads