OneNews Ads
OneNews Ads
OneNews Ads
មនុស្សម្នាក់រងរបួសស្រាលក្នុងករណីរថយន្ត២គ្រឿងបុកគ្នាហើយជ្រុលទៅបុករថយន្ត១គ្រឿងទៀតចតស្ងៀម និងបុករនាំងទ្វារដែកខូចខាតអស់៣ផ្ទាំង

2021-11-26 10:59 AM

ដោយ៖ ឈៀង ថារិទ្ធ

កំពង់ឆ្នាំង៖ មនុស្សប្រុសម្នាក់បានរងរបួសស្រាលដោយសាររថយន្តពីរគ្រឿងបុកគ្នាហើយជ្រុលទៅបុករថយន្តចតស្ងៀមមួយគ្រឿងទៀតនឹងបុករនាំងទ្វារដែកខូចខាតអស់ ៣ ផ្ទាំង។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅលើផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៨៦ និង ៨៧ នៅវេលាម៉ោង០១ និង ៣០ នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុ ងកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានអោយដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកហ៊ីយាន់ដាយ ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3F-4084 បើកបរដោយឈ្មោះ ថេង ចាន់រិទ្ធ ភេទ ប្រុសអាយុ ២៥ ឆ្នាំ រស់នៅភូមិត្រពាំងស្រងែ ឃុំអង្គតាសោម ស្រុកត្រាំកក់ខេត្តតាកែវ  បើកបរក្នុងទិសដៅពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត១ គ្រឿងទៀតមិនស្គាល់ម៉ាក ( រត់បាត់ )រួចក៏ជ្រុលបុករថយន្ត១គ្រឿងទៀតម៉ាកនីសាន់ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ Q2-1062 ដែលចតស្ងៀមមុខផ្ទះ ការ៉ាស់ជួសជុលរថយន្តហើយបុករនាំងទ្វារដែកចំនួន ៣ ផ្ទាំងទៀត ទើបរថយន្តបង្កអស់ល្បឿន ។ នៅក្នុងករណីនេះបង្កការខូចខាតរថយន្ត២ គ្រឿង ១គ្រឿងធ្ងន់ រនាំង ទ្វារដែក ៣ផ្ទាំង និងមនុស្សម្នាក់ជាអ្នកបើកបររថយន្តបង្ក បានរងរបួសស្រាល ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ ចំណែករថយន្តទាំង ២ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងដោះស្រាយ តាមនីតិវិធីច្បាប់ ៕