OneNews Ads
OneNews Ads
OneNews Ads
សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍រដ្ឋមន្ត្រីការបរទេសកាតា ដើម្បីពិភាក្សាការងារបង្កើនទំនាក់ទំនង

2022-08-04 04:03 PM

ស្តាប់ព័ត៌មានជាសំឡេង

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្តម Sheikh Mohammed bin Abdulrahman al-Thani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកាតាចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជំនាញខ្វះខាតនិងបន្ថែមនូវចំណុចដែលមិនទាន់បានល្អដើម្បីពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា-កាតា។ ជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់ណាស់ដែលធ្វើឡើងនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា និងគណៈប្រតិភូដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ទំនាក់ទំនងទ្វេភាគីរបស់យើងមានភាពល្អប្រសើរទៅមុខហើយទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនាពេលនេះ នឹងរួមចំណែកក្នុងការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសពង្រីកទំនាក់ទំនងរវាងប្រទេសកាតា និងប្រទេសអាស៊ានផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃរដ្ឋកាតា ក៏បានអបអរសាទរនូវភាពជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ឯកឧត្តមក៏បានអរគុណចំពោះការចុះហត្ថលេខានៃកិច្ចសហប្រតិបត្តិការអាស៊ាននេះ ។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាឱកាសដ៏ល្អដែលឯកឧត្តមបានមកប្រទេសកម្ពុជានាពេលនេះ ឯកឧត្តមពិតជាចង់ឃើញនូវដំណើរការវិវត្តនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ រហូតមកដល់ពេលនេះ ទំនាក់ទំនងយើងទាំងពីរចាប់ផ្ដើមមានភាពល្អប្រសើរហើយ យើងនៅមានសក្តានុពលជាច្រើនទៀតដែលយើងអាចសហការគ្នា ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច ដោយបច្ចុប្បន្នយើងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាខ្លះហើយលើវិស័យអប់រំ ហើយយើងនឹងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀតនៅពេលខាងមុខ។

បន្ទាប់អំពីការផ្លាស់ប្ដូរនូវមតិយោបលគ្នាខ្លះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរ ដែលប្រទេសកាតាបានយកចិត្តទុកដាក់ចំពោះអាស៊ាន ក៏ដូចជាចំពោះប្រទេសកម្ពុជា និងពិតជារីករាយដែលឯកឧត្តមបានជួបជាមួយឯកឧត្តម ប្រាក់ សុខុន ក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការនេះផងដែរ។ សម្ដេចតេជោមានក្តីសង្ឃឹមថា ប្រទេសកាតានឹងទទួលបានភាពជោគជ័យក្នុងការរៀបចំ Word Cup នៅចុងឆ្នាំ២០២២នេះ ពីព្រោះប្រទេសកត្តាជាអ្នករៀបចំព្រឹត្តិការណ៍ world cup នេះតែម្ដង ។ សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា ប្រទេសយើងទាំងពីរ គឺនៅមានសក្កានុពលជាច្រើន ដែលយើងអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្នាបាននាពេលខាងមុខ។

ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសកាតាពិតជាមានភាពរឹងមាំ ជាពិសេសប្រទេសកាតា គឺមានសមត្ថភាពក្នុងការពង្រឹងជើងហោះហើរ ដោយសារប្រទេសកាតា គឺមានភូមិសាស្រ្តនៅមជ្ឈិមបូព៌ា ដែលអាចធ្វើការហោះហើរមកកម្ពុជាដោយផ្ទាល់បាន។ ចំពោះវិបត្តិកូវីត-19 វិញសម្ដេចឡើងថា មុនវិបត្តិជំងឺកូវីដ-១៩ កម្ពុជាមានទេសចរបរទេសប្រមាណជាង ៦លាន ៦សែននាក់ តែពេលនេះ ធ្លាក់មកដល់ត្រឹមជិត ១លាននាក់ប៉ុណ្ណោះ។ គោលដៅកម្ពុជាគឺចង់ទទួលបានភ្ញៀវទេសចរប្រមាណជា ១៥លាននាក់ ឯណ្ណោះ ពេលនេះកម្ពុជាមានការលើកលែងនូវលក្ខខណ្ឌជាច្រើន ដើម្បីឲ្យភ្ញៀវទេសចរមកកាន់កម្ពុជា។

គូសបញ្ជាក់ផងដែរ សម្ដេចតេជោលើកឡើងថា ប្រសិនបើចង់ឲ្យវិស័យទេសចរណ៍ រវាងប្រទេសកម្ពុជានិងការតាមានការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់និងល្អប្រសើរនោះគួរតែមានការគាំទ្រពីប្រទេសកាតា ជាពិសេសធ្វើឲ្យមានជំនួបរវាងអ្នកធុរកិច្ច និងធុរកិច្ចនៃប្រទេសទាំងពីរ ដូចជាអោយអ្នកធុរកិច្ចនៃប្រទេសទាំងពីរអាចចូលរួមក្នុងការតាំងពិព័រណ៍ ពាណិជ្ជកម្មក្នុងខែ១២ ចុងឆ្នាំនេះផងដែរ ធ្វើយ៉ាងណាជំរុញផ្នែកធុរកិច្ច និងធុរកិច្ចឲ្យមានទំនាក់ទំនងគ្នា។ ហើយសម្ដេចចង់ឃើញអ្នកវិនិយោគប្រទេសកាតា មកវិនិយោគនៅក្នុងប្រទេសកម្ពុជា នាំចេញទៅកាន់ទីផ្សារបរទេស ពិសេសពាក់ព័ន្ធទៅនឹងវិស័យស្បៀង ដូចជាស្រូវ អង្ករតែម្ដង សម្ដេចតេជោជំរុញឲ្យប្រទេសកាតាអាចមកវិនិយោគលើវិស័យនេះ ហើយធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕ អត្ថបទ: ប្រសិទ្ធ