OneNews Ads
OneNews Ads
OneNews Ads
សមាគមអតីតយុទ្ធជននិងអាជ្ញធរ ចុះសាកសួរសុខទុក្ចនិងប្រគល់ផ្ទះចំនួន ០៤ខ្នង ជាអំណោយសម្តេចតេជោនាយករដ្ឋមន្ត្រីជូនអតីតយុទ្ធជនចំនួន ៤គ្រួសារនៅស្រុកទឹកផុស


អត្ថបទ: ឈៀងថារិទ្ធ

កំពង់ឆ្នាំង៖  ឯកឧត្តម  ធន ធឿន  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត  និងលោក សូត្រសង់ អភិបាលនៃគណៈអភិបាលស្រុកទឹកផុស នៅព្រឹកថ្ងៃទី០៧ ខែមេសា  ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន ០៤ ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ០៤គ្រួសារ នៅក្នុងស្រុកទឹកផុស។

ក្នុងឱកាសនោះ លោក សូត្រ សង់អភិបាលស្រុកទឹកផុស បានលើកឡើងថា បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារកន្លងមក បានលះបង់កំលាំងកាយចិត្តរហូតបូជាសាច់ស្រស់ឈាមស្រស់ជូនជាតិមាតុភូមិក្នុងបុព្វហេតុសន្តិភាព ដែលនេះគឺជាគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ។ ដូច្នេះដើម្បីឆ្លើយតបជាមួយនឹងបងប្អូនអតីតយុទ្ធជនរាជរដ្ឋាភិបាលរៀបចំគោលនយោបាយ  ដូចជាការផ្ដល់ប្រាក់របស់សន្តិសុខប្រចាំខែនិងប្រាក់បំណាច់ផ្សេងៗជាដើម។ ជាងនេះទៀតគឺបានសាងសង់ផ្ទះជូនដើម្បីឱ្យក្រុមគ្រួសាររស់នៅដូចប្រជាជនទូទៅនៅក្នុងមូលដ្ឋានដោយក្តីសុខសានផងដែរ ។ ដោយឡែកក្នុងករណីដែលបងប្អូនអតីតយុទ្ធជនមានទុក្ខលំបាកគឺរាជរដ្ឋាភិបាលបានជួយដោះស្រាយជាហូរហែនិងបន្តបន្ទាប់។

លោកអភិបាលស្រុកក៏បានផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋាននិងក្រុមគ្រួសារអតីតយុទ្ធជន បើក្នុងមានបញ្ហាអ្វីមួយត្រូវរាយការណ៍ជូនទៅដល់អាជ្ញាធរស្រុកតាមរយៈលោកមេភូមិ និងឃុំ ឬទូរសព្ទទៅខ្ញុំផ្ទាល់តែម្ដងក៏បាន។ ប្រសិនបើការដោះស្រាយ លើសពីសមត្ថភាពខ្ញុំនឹងរាយការណ៍ជូនទៅឯកឧត្តមប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តដើម្បីជួយដោះស្រាយបន្ត។

នៅក្នុងកម្មវិធីដែរ ឯកឧត្តម ធន ធឿន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានមានមតិថា កន្លងមកថ្មីៗនេះក្រុមការងារសមាគមអតីតយុទ្ធជនយើងបានចុះសួរសុខទុក្ខដល់នាយទាហាន ពលទាហាន នៅទីបញ្ជាការ វរសេនាតូចលេខ១ និងទីបញ្ជាការ ផ្នែកសឹករងទឹកផុស ដោយបាននាំយកសម្ភារមួយចំនួនប្រគល់ជូនក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ ផងដែរ ។ 

ឯកឧត្តមបានផ្ដាំផ្ញើដល់បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារ ត្រូវចេះថែទាំសុខភាព ការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល  និងអនុសាសន៍ ៣ កុំ និង៣ការពារ របស់រាជរដ្ឋាភិបាលដើម្បីជៀសផុតពីជំងឺកូវីដ-១៩ រាលដាលចូលក្នុងសហគមន៍។ក្រុមការងារសមាគមអតីតយុទ្ធជនបានឲ្យដឹងថា ក្នុងកម្មវិធីនេះក្រុមគ្រួសារអតីតយុទ្ធជន ៤គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ០៣បេ , ទឹកបរិសុទ្ធ ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច ០១ កេស , ទឹកត្រី០១ យួរ , ទឹកស៊ីអ៊ីវ ០១យួរ និង ថវិកា ៣០០,០០០ រៀល ។

ចំណែកសមាជិកអតីតយុទ្ធជនដែលទទួលបានអំណោយខាងលើនេះរួមមាន  ១ លោក អ៊ុក សាវុធ យោធិនពិការកំបុតជើងស្ដាំក្រោមជង្គង់អតីតៈនៅកងពលលេខ៤ មានកូនក្នុងបន្ទុកចំនួន៩ នាក់ ស្រី ៦ នាក់ នៅក្នុងភូមិខ្នល់កែង ឃុំក្បាលទឹក។ ២ លោកយ៉ន យ៉ង់ ជាយោធិនពិការកំបុតជើងឆ្វេងក្រោមជង្គង់ អតីតយោធិនកងពល១៨ មានសមាជិកក្នុងបន្ទុកចំនួន៦នាក់ស្រី ៣ នៅភូមិតាំងខ្យា ឃុំក្បាលទឹក ។ ៣ លោក គង់ ប៊ុនស័ក្ក ជាយោធិនបាត់បង់សមត្ថភាពការងារ អតីតយោធាខេត្តមានកូនក្នុងបន្ទុកចំនួន ៤នាក់ស្រី ២នៅភូមិស្រែតាជៃឃុំអភិវឌ្ឍន៍ ។ ៤ លោក ប៊ិន ភួន យោធិនពិការកំបុតជើងស្ដាំក្រោមជង្គង់ អតីតយោធាខេត្ត មានកូនក្នុងបន្ទុក៣នាក់ស្រី  នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង។

ក្នុងពេលទទួលបាននូវអំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា និងផ្ទះខាងលើនេះ សមាជិកអតីតយុទ្ធជននិងក្រុមគ្រួសារបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ក្រុមការងារ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលបានយកចិត្តទុកដាក់គិតគូដល់អតីតយុទ្ធជននិងក្រុមគ្រួសារ ជួយផ្ដល់អំណោយខាងលើនេះ។ ពួកគាត់សូមប្រសិទ្ធិពរជ័យសេរីមហាប្រសើរជូនដល់សម្ដេចតេជោ និងក្រុមការងារឲ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕