OneNews Ads
OneNews Ads
OneNews Ads
នាយឧត្តមសេនីយ៍ គន់ គីម ចុះពិនិត្យការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដល់អតីតយុទ្ធជនកម្ពុជាក្នុងខេត្តកណ្ដាល


អត្ថបទ៖ គិន ច័ន្ទភិរុណ

កណ្ដាល៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់ អតីតយុទ្ធជនកម្ពុជាក្នុងខេត្តកណ្ដាល នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល។

 

ថ្លែងក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជន ត្រូវអនុវត្តនូវវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

 

ឯកឧត្តមបញ្ជាក់ដែរថា សម្ដេចតេជោនាយករដ្ឋមន្ត្រី  តែងបានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ១៩ ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គឺជាការស្ម័គ្រចិត្តរបស់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត។ ជាមួយគ្នានេះដែរ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេសផងដែរ។

 

សូមបញ្ជាក់ថា បើតាមការអោយដឹងពីឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលនៅទូទាំងខេត្តកណ្ដាល មានអតីតយុទ្ធជន និងសមាជិកអតីតយុទ្ធជនចំនួន ២៦៥១ នាក់ ខណៈយុទ្ធនាកាចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅទូទាំងខេត្តនឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។