OneNews Ads
OneNews Ads
OneNews Ads
មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រកឃើញស្ពៃក្តោប ខ្ទឹមបារាំង ផ្លែត្រសក់ មានថ្នាំគីមីកាកសំណល់កសិកម្ម នៅផ្សារវាលយន្ត ខេត្តស្វាយរៀង


ដោយ: PK

ស្វាយរៀង៖ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងរីករាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលឈានចូលមកដល់ពេលខាងមុខនេះ  សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានចាត់មន្ត្រីចុះយកគំរូ បន្លែ ផ្លែឈើ ជាពិសេសផ្តោតសំខាន់លើផលិតផលម្ហូបអាហារ ក្នុងផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀង ក្នុងការធ្វើតេស្តនៅពិសោធន៍ខ្នាតតូចរបស់សាខាសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀង ។

លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបានឲ្យដឹងថា មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅផ្សារវាលយន្ត ក្រុងស្វាយរៀង ដើម្បីយកមកពិសោធន៍នៅមន្ទីរពិសោធន៍ខ្នាតតូចចំនួន ២៧គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

លោកបានបន្ថែមថា ជាលទ្ធផលក្រោយកាធ្វើការពិសោធន៍ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមីហាមឃាត់ដូចជា៖ ខ្ទឹមបារាំង, ត្រសក់, ស្ពៃស្តោប ( មានថ្នាំគីមីកាកសំណល់កសិកម្ម ) ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។

លោក ផឹង និល បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលឈានចូលមកដល់នាពេលខាងមុខនេះ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការទិញទំនិញគ្រប់ប្រភេទ ត្រូវមើលការបរិច្ឆេទបានច្បាស់លាស់ ជាមុនសិន មុននិងទិញទៅបរិភោគ ចៀសវាងនាំឲ្យប៉ះពាល់ដល់សុខភាព និងជាពិសេសត្រូវចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ ៣ ការពារ និង៣កុំ បើមិនចាំបាច់កុំចេញក្រៅផ្ទះ។

សូមបញ្ជាក់ថា មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀង តែងតែយកចិត្តទុកដាក់ក្នុងការពនិត្យរមុខទំនិញនៅក្នុងផ្សារនានា ក្នុងខេត្តស្វាយរៀង ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕