OneNews Ads
OneNews Ads
OneNews Ads
ប្រជាពលរដ្ឋជាច្រើននាក់ លើកគ្នាមករារាំងមិនឱ្យអាជ្ញាធរយកសពស្ត្រីម្នាក់ដែលស្លាប់ដោយសារកូវីដ-១៩ មកបូជានៅវត្តជ្រៃបាក់ក្នុងមូលដ្ឋានពួកគាត់



អត្ថបទ៖  ឈៀង ថារិទ្ធ (ថ្ងៃទី០៤ ឧសភា ២០២១)

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរាប់សិបនាក់ រស់នៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានលើកគ្នាមករារាំងអាជ្ញាធរមិនឲ្យបូជាសពស្ត្រីម្នាក់នៅក្នុងទីបច្ឆាវត្តជ្រៃបាក់ឡើយ ដែលស្ត្រីខាងលើនេះបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ព្រោះតែខ្លាចគ្រាដែលជំងឺកូវី-១៩ ចូលក្នុងសហគមន៍ ។

ប្រជាពលរដ្ឋបានលើកឡើងថា ការដែលពួកគាត់បាននាំគ្នាមករារាំងដល់អាជ្ញាធរមិនឲ្យដឹកសពដែលស្លាប់ដោយជំងឺកូវីដ-១៩ យកមកបូជានៅក្នុងទីអារាមនេះ ដោយសារតែពួកគាត់ខ្លាចជំងឺនេះ ឆ្លងដល់កូនចៅរបស់ពួកគាត់នៅក្នុងមូលដ្ឋាន ដែលតែងតែចេញចូលមកធ្វើបុណ្យទានក្នុងវត្តនេះមិនដែលដាច់។ ព្រោះសព្វថ្ងៃនេះពួកគាត់និងកូនចៅទាំងអស់គ្នា បានខិតខំការពារមិនអោយមានការឆ្លងនៃជំងឺកូវីដ- ១៩នេះ ដោយបានខិតខំអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការ ពារ នឹង៣កុំ យ៉ាងខ្ជាប់ខ្ជួន ដោយ សារតែខ្លាចជំងឺដ៏កាចសាហាវមួយនេះឆ្លងចូលក្នុងសហគមន៍ដោយសារតែគ្មានជំរើស ទើបពួកគាត់ហាមឃាត់បែបនេះ។

ដោយឡែកមុននឹងកើតហេតុការណ៍ខាងលើនេះគឺនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះលោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ និងលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង រួមទាំងលោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ បានមកវត្តជ្រៃបាក់ ធ្វើការបោសសំអាតនៅជុំវិញទីបច្ឆាដើម្បីរៀបចំបូជាសព ប្រកបទៅតាមបច្ចេកទេសដែលថ្នាក់លើបានណែនាំ។ 

ឆ្លើយតបនឹងករណីនេះ លោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានឲ្យដឹងថា ការរៀបចំបូជាសពស្ត្រីដែលមានវិជ្ជមានកូវីដ-១៩ខាងនេះ គឺជាការរៀបចំបន្ទាន់ ដោយមិនទាន់មានកន្លែងត្រឹមត្រូវដូច្នេះលោកជ្រើសយកទីនេះ គឺជាកន្លែងស្ងប់ស្ងាត់ ដែលវត្តនេះស្ថិតនៅដាច់ឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមិនមានប៉ះពាល់អ្វីឡើយ ពិសេសការរៀបចំបូជានៅក្នុងទីបច្ឆានេះក៏បានរៀបចំមានអនាម័យ និងបច្ចេកទេសក្នុងការបូជាដោយភាពទទួលខុសត្រូវច្បាស់លាស់ ផងដែរ ។

លោកបន្តថា ទីនេះគឺបូជាតែសពស្ត្រីម្នាក់នេះទេពេល ក្រោយបើមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ផ្សេងទៀតនឹងត្រូវយកទៅបូជានៅកន្លែងថ្មី ដែលមានទីតាំងនៅឯជើងភ្នំមួយកន្លែងឋិតក្នុងស្រុករលាប្អៀរ ។

ប៉ុន្តែពេលនេះបន្ទាប់ពីមាន ការតវ៉ានិងរារាំងពីប្រជាពលរដ្ឋ មិនឲ្យយកសពស្ត្រីដែលមានជំងឺកូវីដ-១៩ យកមកបូជានៅទីនេះ លោកអភិបាលខេត្ត ក៏បានសម្រេចយកសពទៅបូជានៅកន្លែងផ្សេងវិញតាមសំណូមពររបស់ប្រជាពលរដ្ឋ៕