OneNews Ads
OneNews Ads
OneNews Ads
នៅក្នុងតំបន់ក្រហមមានភូមិចំនួន ០៨ ដែលត្រូវគេរកឃើញមានការឆ្លងជំងឺកូវីដ-១៩ ខ្លាំងជាងគេនៅរាជធានីភ្នំពេញ


ដោយ: លោក ង៉ែត សារ៉ន276

(រាជធានីភ្នំពេញ)÷  ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១ នេះ បានប្រកាសថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៩៣៨នាក់ ក្នុងនោះរាជធានីភ្នំពេញ មានអ្នកឆ្លងច្រើនជាងគេ គឺចំនួន ៦០៨នាក់។  អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញឈ្មោះភូមិចំនួន ០៨ ដែលត្រូវគេរាយការណ៍ថា មានការឆ្លងជំងឺកូវីដ-១៩ខ្លាំងជាងគេក្នុងរាជធានីភ្នំពេញ។

ភូមិទាំង ០៨ រួមមាន លំដាប់ទី១ ភូមិត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, លំដាប់ទី២ គឺភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, លំដាប់ទី៣ គឺភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ, លំដាប់ទី៤គឺ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, លំដាប់ទី៥ គឺភូមិដើមចាន់ សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ, លំដាប់ទី៦ គឺ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, លំដាប់ទី៧ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងលំដាប់ទី៨គឺ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមិនចាំបាច់ កុំឲ្យចេញពីផ្ទះ។ ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិទាំង៨នោះ ត្រូវយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទាក់ទងទៅលេខ ១១៥។

សូមបញ្ជាក់ថាការរកឃេីញករណីឆ្លងថ្មីសរុបចំនួន ៩៣៨នាក់ ដែលជាទូរលេខតាមបណ្ដាខេត្ត រួមមាន 【ភ្នំពេញ ៦០៨ | បន្ទាយមានជ័យ ៥១ | ព្រះសីហនុ ៧៧ | កណ្តាល ១៧៥ | កំពង់ស្ពឺ ១៤ | កំពង់ចាម ៣ |  តាកែវ ៤ | ស្វាយរៀង ១ | ត្បូងឃ្មុំ ២ | សៀមរាប ១ | បាត់ដំបង ១| ពោធិ៍សាត់ ១】

និងមានអ្នកជាសះស្បើយចំនួន ៣៦១នាក់ អ្នកឆ្លងសរុប ១៦២៩៩នាក់ អ្នកសម្រាកព្យាបាល ១០៣៩៤នាក់ អ្នកជាសះស្បើយសរុប ៥៧៩១នាក់ អ្នកស្លាប់សរុប ១០៧នាក់៕