2023-01-24 01:13 PM
ភ្នំពេញ៖ មន្ត្រីនគរបាលជាន់ខ្ពស់ ៥រូបត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីក្រោយបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរនាពេលកន្លងមក។ ដែលពិធីប្រកាសផ្ទេរនិងតែងតាំងមុខតំណែងថ្មីនេះធ្វើឡើងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
មន្ត្រីជាន់ខ្ពស់ទាំង ៥ រូបដែលត្រូវបានប្រកាសផ្ទៃភារកិច្ចនិងតែងតាំងមុខតំណែងថ្មីនោះរួមមាន៖
-ទី១. លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ពីប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន
-ទី២. លោកឧត្ដមសេនីយ៍ឯក សែម សុតាន់ ពីប្រធានអង្គភាពតម្រួតបទបញ្ជា ទៅជាប្រធានអង្គភាពអន្តរាគមន៍
-ទី៣. លោកឧត្ដមសេនីយ៍ទោ ឆឹង កុមារ ជាប្រធានអង្គភាពតម្រួតបទបញ្ជា
-ទី៤. លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក
-ទី៥. លោកឧត្ដមសេនីយ៍ឯក អ៉ឺង ដារ៉េត ពីប្រធានអង្គភាពអន្តរាគមន៍ ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់។
ក្នុងឱកាសដ៏វិសេសវិសាលនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំនួសមុខឲ្យរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណចំពោះកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ដែលកន្លងមកបានរួមគ្នាថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ។ លោកក៏បានគូសបញ្ជាក់ពីភាពជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្គាត់ ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ភាពជោគជ័យនេះ ក៏មានការរួមចំណែកយ៉ាងធំធេងពីកងកម្លាំងនគរបាលជាតិ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈផងដែរ។
សូមជម្រាបផងដែរ នាឧត្តមសេនីយ៍សន្តិបណ្ឌិតនៃសាវឿនក៏បានសង្កត់ធ្ងន់ថា សូមឲ្យប្រធាននាយកដ្ឋាន និងប្រធានអង្គភាពដែលទើបប្រកាសចូលកាន់តំណែង ត្រូវធ្វើជាគំរូដល់កងកម្លាំងក្រោមឱវាទ ស្របតាមអ្វីដែលជាការប្ដេជ្ញាចិត្ត ហើយត្រូវយកចិត្តទុកដាក់ដឹកនាំគ្រប់គ្រងកងកម្លាំងដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គុណភាព តម្លាភាព គណនេយ្យភាព ពិសេសចេះសណ្ដោសប្រណី អប់រំ ថែរក្សា សុខភាព ជីវភាពកងកម្លាំង និងត្រូវច្បាស់លាស់ម៉ឺងម៉ាត់។ និងត្រូវបន្តរក្សាសន្តិសុខសម្រាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋពិសេសគឺរួមគ្នារក្សាឲ្យបាននូវសន្តិភាពដែលមានស្រាប់នៅកម្ពុជាយើង៕ អត្ថបទ: ប្រសិទ្ធ